មានប្រភពមួយបានយកឯកសារ AIRGRAM លេខ A-113 មកផ្សព្វផ្សាយថាជាឯកសារសំងាត់របស់ទីភ្នាក់ងារស៊ើបការសំងាត់របស់អាមេរិក ហៅកាត់ថា CIA ហើយអះអាងថារបបសាធារណៈរដ្ឋខ្មែរពិតជាបានគ្រប់គ្រងកោះត្រល់ ឬ Phu-quoc នៅចន្លោះឆ្នាំ១៩៧០ដល់១៩៧៥។ ដំណឹងនេះធ្វើឱ្យចលនាធ្វើអាជីវកម្មនយោបាយលើកោះត្រល់ ចលនាស្នេហាជាតិក្នុងភាពមិនច្បាស់លាស់ ផ្អើលបានមួយគ្រាៗលើបណ្តាញFacebook។ តើសារ AIRGRAM ដែលគេយកមកបង្ហាញនោះមានអត្ថន័យដូចម្តេចខ្លះ? តើឯកសារ AIRGRAM ពិតជាបញ្ជាក់ថារបបសាធារណៈរដ្ឋខ្មែររបស់សេនាប្រមុខលន់ នុលពិតជាបានគ្រប់គ្រងកោះត្រល់មែនដែរឬទេ
ដើម្បីចៀសវាងករយល់ខុសពីការបកស្រាយក្រោមទំនោរនយោបាយ ខ្ញុំសូមប្រែសំរួលដោយសង្ខេបសារ AIRGRAM របស់CIA នេះ។
ឯកសារនេះត្រូវ CIA ចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ លើគេហទំព័របណ្ណាល័យរបស់ខ្លួន មិនមែនជាឯកសារសំងាត់ដូចដែលចលនានយោបាយមួយយកមកផ្សព្វផ្សាយឡើយ។
សារ AIRGRAM នេះធ្វើនៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៧២ ដែលមន្ត្រីស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញបានបកប្រែពីកិច្ចសម្ភាសរបស់ខ្លួន ជាមួយលោកឆន សុខុម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ធនធានរ៉ែ និងនេសាទសមុទ្រ ស្តីពីការកំណត់ព្រំដែនសមុទ្រកម្ពុជា (Cambodia’s Continental Shelf) ដោយភ្ជាប់ជាមួយក្រឹត្យមួយជាភាសាបារាំង ដែលចេញដោយរដ្ឋាភិបាលសាធារណៈរដ្ឋខ្មែរ ផ្ញើរទោកាន់ក្រសួងការបរទេសអាមេរិក។

ក្នុងកិច្ចប្រជុំចុងក្រោយរបស់ខ្លួន (២៤ មិថុនា ១៩៧២) គណៈរដ្ឋមន្ត្រីបានសំរេចចេញក្រឹត្យមួយស្តិពីការកំណត់ព្រំដែនសមុទ្រកម្ពុជា ដែលតាក់តែងឡើងដោយលោក ច័ន្ទ សុខុម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ ធនធានរ៉ែ និងនេសាទសមុទ្រ។ ក្នុងបទសម្ភាសជាមួយមន្ត្រីទូតអាមេរិចប្រចាំក្រុងភ្នំពេញ កាលពីដើមសប្តាហ៍នោះ លោករដ្ឋមន្ត្រីបានគូសបញ្ចាក់ថា យោងតាមសន្និបាតក្រុងហ្សឺណែវ (Geneva Convention) ២៩ មេសា ឆ្នាំ១៩៥៨ ស្តីពីការកំណត់ព្រំដែនសមុទ្ររបស់ប្រទេសដែលមានព្រំប្រទល់ជាប់សមុទ្រ ព្រំដែនសមុទ្រលាតសន្ធឹងពីឆ្នេររហូតដល់ទឹកសមុទ្រជំរៅ២០០ម៉ែត្រ។ កម្ពុជាបានផ្តល់សច្ចារប័ណ្ឌដល់សន្ធិសញ្ញានេះ។ រដ្ឋាភិបាលកម្ពុជារៀបចំក្រឹត្យថ្មីមួយ ដើម្បីកំណត់ព្រំដែនសមុទ្រកម្ពុជាដោយប្រើសន្និបាតក្រុងហ្សឺណែវនេះជាគោល។ ដោយសារក្នុងឈូងសមុទ្រសៀម គ្មានចំណុចណាដែលមានជំរៅជ្រៅជាង៥០ម៉ែត្រឡើយ ដូច្នេះគេចាំបាច់ត្រូវយកឃ្លាពិសេសមួយដើម្បីយកមកបញ្ជាក់ក្នុងការកំណត់ព្រំដែនសមុទ្រ ដោយយកខ្សែបន្ទាត់ដីគោកមកធ្វើជាគោល (Extrapolated from the terrestrial borders)។
លោករដ្ឋមន្ត្រីច័ន្ទ សុខុមបាននិយាយបន្ថែមថា មកទល់នឹងពេលនោះ គ្មានឯកសារណាដែលមកបញ្ចាក់ពីព្រំដែនសមុទ្រកម្ពុជាទេ។ មានសន្ធិសញ្ញាមួយចំនួន និងពិធីការខ្លះក្នុងសិន្ធិសញ្ញារវាងបារាំង និងសៀម ជាពិសេសសន្ធិសញ្ញាបារាំងសៀម ២៣ មិនា ១៩០៧ និងឯកសារនានាដែលជាលទ្ធផលនៃកិច្ចការកំណត់ព្រំដែននៅថ្ងៃ២៨ កុម្ភៈ ១៩០៨ (Proces-verbal)។ ក្រឹត្យថ្មីនេះក៏ផ្អែកលើ សន្ធិសញ្ញា និង Proces-verbal នេះ ព្រមទាំងឈរលើផែនទីបារាំងលេខ១៩៧២ រៀបចំគូសនៅឆ្នាំ១៩៤៩ ខ្នាត ១/១០៩៦ ០០០។
ក្រឹត្យថ្មីនេះមិនត្រឹមតែអនុញ្ញាតឱយមានតែឯកសារផ្លូវច្បាប់ ថែមទាំងឱយអ្នកចរចារកម្ពុជាទាក់ទងជាមួយភាគីថៃ និងរដ្ឋាភិបាលវៀតណាមខាងត្បូង។ ពួកគេនឹងធ្វើការកំណត់ព្រំដែនសមុទ្រទាំងអស់គ្នាឱយត្រឹមត្រូវ ក្នុងទំរង់មួយដើម្បីចៀសវាងភាពមិនត្រូវគ្នាទាំងឡាយដែលអាចកើតមានឡើង ពិសេសក្នុងពេលនៃការរុករករ៉ែប្រេងកាតក្រោមបាតឈូងសមុទ្រសៀម។
ក្រឹត្យលេខ ៤៣៩, ៧២១ ប្រ.ក ថ្ងៃទី១ កក្កដា ១៩៧២ មាន៥មាត្រា។
មាត្រា១ មានចែងអនុញ្ញាតឱយមន្ត្រីកម្ពុជាយកឯកសារគោលដែលបានរៀបរាប់ខាងលើ មាន សន្និបាតក្រុងហ្សឺណែវ សន្ធិសញ្ញាបារាំងសៀម ផែនទីលេខ១៩០៧២ មកប្រើដើម្បីកំណត់ព្រំដែនសមុទ្រ។ ក្នុង គេមានបញ្ជាក់ចំណុចដែលនឹងត្រូវលើមកនិយាយផងដែរ (សូមអានក្រឹត្យដែលបង្ហាញក្នុងរូបដែលចលនាស្នេហាកោះត្រល់កាត់ មិនយកមកបង្ហាញ)។
មាត្រា២ កំណត់និយមន័យខ្សែបន្ទាត់កណ្តាល ក្នុងផែនទី។
មាត្រា៣ ភ្ជាប់ផែនទីបារាំងលេខ១៩៧២ ជាមួយក្រឹត្យ។
មាត្រា៤ ចំណុចអ្វីដែលផ្ទុយពីខ្លឹមសារក្រឹត្យត្រូវចាត់ទុកជាមោឃៈ។
មាត្រាទី៥ ក្រសួងការបរទេស និងក្រសួងឧស្សាហកម្ម ធនធានរ៉ែ និងនេសាទសមុទ្រជាអ្នកទទយលបន្ទុកយកក្រឹត្យនេះមកអនុវត្តន៍។
មានរបាយការណ៍របស់ទីភ្នាក់ងារជាច្រើនទៀតដែលបាននិយាយពីវិវាទដែនសមុទ្ររវាងកម្ពុជា និងវៀតណាមខាងត្បូង តាំងពីជំនាន់សង្គមរាស្រ្តនិយមរបស់សម្តេចព្រះនរោត្តម សីហនុ ក្នុងទស្សវត្សន៍ឆ្នាំ១៩៦០ ការទាមទារ ពិសេសការទាមទារកោះត្រល់របស់របស់ភាគីកម្ពុជាពីវៀតណាមខាងត្បូង។ បេីយោងតាមផនទីមួយដែលរក្សានៅបណ្ណាល័យសភាកុងហ្គ្រេសអាមេរិច បោះពុម្ពដោយទីភ្នាក់ងារស៊េីបការសំងាត់CIAរបស់អាមេរិច នៅឆ្នាំ១៩៧២ ខ្នាត ១លេី៣៧៥០០០០ បានបង្ហាញថាកោះត្រល់ស្ថិតក្នុងដែនសមុទ្ររបស់វៀតណាមខាងត្បូង។
សរុបមក ឯកសារ AIRGRAM ខាងលើមិនបានបញ្ជាក់ច្បាស់ថារដ្ឋាភិបាលសាធារណរដ្ឋខ្មែរពិតជាបានគ្រប់គ្រងកោះត្រល់នោះទេ។ នេះគ្រាន់ជាគោលជំហរជាឯកតោភាគីរបស់សាធារណរដ្ឋខ្មែរ ដែលចង់សើរើព្រំដែនសមុទ្រជាមួយរដ្ឋាភិបាលវៀតណាមខាងត្បូងតែប៉ុណ្ណោះ។ តើសន្ធិសញ្ញាបារាំងសៀម២៣ មិនា ១៩០៧ និង Proces-verbal ២៨ កុម្ភៈ ១៩០៨ មានវិសាលភាពលើព្រំដែនសមុទ្រកម្ពុជាវៀតណាមដែរឬទេ?
ដោយ៖