របៀបថែទាំកូនតូចឲ្យមានសុខភាពល្អ ម៉ាក់ៗគួរយល់ដឹង

ដើម្បីឳ្យអូនតូចមានសុខភាពល្អ ម៉ាក់ៗត្រូវយល់ដឹងអំពីការថែរទាំដ៏ល្អទៅកាន់ពួកគាត់។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលម៉ាក់ៗអាចអនុវត្តន៍ដើម្បីឳ្យកូនតូចមានសុខភាពល្អនិងរឹងមាំបាន៖

• រង់ចាំឲ្យប្រព័ន្ធការពារគេរឹងមាំ៖
ទារកទើបកើត ប្រព័ន្ធការពាររបស់គេមិនទាន់រឹងមាំនិងមិនអាចការពារឬប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗបានល្អឡើយ។ បើយើងឆាប់យកគេចេញក្រៅ ឬដើរតាមទីកន្លែងសាធារណៈ គេអាចប្រឈមនឹងការឆ្លងជំងឺបានយ៉ាងងាយ ជាពិសេសជំងឺផ្ដាសាយ។ សម្រាប់ខ្ញុំយកកូនចេញដើរខ្លះៗបន្ទាប់ពីគេបានចាក់វ៉ាក់សាំងលើកទី២រួច។

• ចាក់វ៉ាក់សាំងឲ្យគ្រប់តាមការណែនាំ៖
ដើម្បីឲ្យប្រព័ន្ធការពាររាងកាយគេលូតលាស់និងរឹងមាំល្អ ហើយអាចការពារប្រឆាំងការឆ្លងមេរោគផ្សេងៗយ៉ាងមានប្រសិទ្ធភាព យើងត្រូវចាក់វ៉ាក់សាំងឲ្យគេឲ្យគ្រប់តាមការណែនាំរបស់ពេទ្យ។

• មេរោគនៅនឹងរបស់លេង៖
របស់លេងមួយចំនួនធំអាចជាប្រភពចំលងមេរោគ បើយើងមិនបានសម្អាតវាបានល្អ និងជាប្រចាំទេនោះ។ បទពិសោធន៍ខ្ញុំ ពេលដែលកូនទើបកើត ២ ទៅ ៣ខែដំបូងខ្ញុំមិនបានឲ្យគេលេងអ្វីទេ គ្មានតុក្តាដេកឪប គ្មានតុក្តាខ្លាឃ្មុំអីទេ។ ណាមួយ ក្នុងវ័យនេះគេក៏មិនត្រូវការរបស់ទាំងនឹងដែរ។ ហើយដល់គេរាងធំបន្ដិច ប្រហែល៥ ៦ខែ ខ្ញុំចាប់ផ្ដើមឲ្យគេលេងរបស់លេងខ្លះៗដោយខ្លួនឯង។

• បន្សាំនឹងបរិយាកាស៖
វិធីផ្ទាល់ខ្លួនមួយដែលខ្ញុំបានអនុវត្ដជាមួយកូនខ្ញុំកន្លងមក គឺពេលគេអាយុបានប្រហែល៣ខែ នៅព្រឹកៗឡើងខ្ញុំតែងតែយកគេចេញក្រៅផ្ទះ ដោយជួនកាលពាក់អាវ ជួនកាលដោះអាវ។ ហើយពេលខ្លះអាកាសធាតុរាងត្រជាក់ក៏ខ្ញុំនៅធ្វើបែបនេះដែរ។ ដំបូងៗ ពេលខ្លះគេដូចជាមានហៀរសំបោតិចៗ តែក៏បាត់ទៅវិញដោយខ្លួនឯង ដោយមិនមានផ្ដាសាយអ្វីទេ។ យូរៗទៅគេក៏សាំនឹងវា។ ជាលទ្ធផល អ្វីដែលខ្ញុំសង្កេតឃើញ គឺថាកូនខ្ញុំគេមិនផ្ដាសាយឡើយ នៅពេលអាកាសធាតុប្រែប្រួល ក្ដៅត្រជាក់ៗម្ដងៗ។ នេះជាវិធីផ្ទាល់ខ្លួនទេ មិនមានការណែនាំពីខាងណាឡើយ។

• សុខភាពល្អតាំងពីនៅក្នុងផ្ទៃ៖
ក្នុងកំឡុងពេលពពោះ របបអាហាររបស់ម៉ាក់គឺមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់របស់កូនដែលនៅក្នុងផ្ទៃទាំងផ្នែករាងកាយ និងសុខភាពកូន។ ការញាំប្រកបដោយអាហារូប្ថម្ភគ្រប់គ្រាន់របស់ម្ដាយ អាចជួយឲ្យទារកមានសុខភាព និងប្រព័ន្ធភាពសាំល្អតាំងពីកំណើត។ ដូចកូនខ្ញុំ ដោយសារក្នុងកំឡុងពេលពពោះម្ដាយរបស់គេញាំតែអាហារដែលមានប្រយោជន៍ច្រើន ដូចនេះពេលគេកើតមកខ្ញុំសង្កេតឃើញថា គេហាក់បីដូចជាមានប្រព័ន្ធភាពសាំល្អ ដែលមិនងាយនឹងឆ្លងជំងឺឡើយ។ តាំងពីគេទើបកើតដល់អាយុ ៦ ៧ខែ មានសមាជិកក្នុងផ្ទះផ្ដាសាយជាច្រើនដង តែគេមិនឆ្លងឡើយ។ សូម្បីតែពេលខ្លះម៉ាក់របស់គេផ្ដាសាយក៏គេមិនឆ្លងដែរ។

• កូនគេងគ្រប់គ្រាន់នៅពេលយប់៖
កូនគេងលក់ស្កប់ស្កល់និងបានយូរនៅពេលយប់ពិតណាស់ធ្វើឲ្យប៉ាក់ម៉ាក់បានសម្រាកគ្រប់គ្រាន់។ តែអ្វីដែលពិសេសមួយសម្រាប់កូនគឺ បើកាលណាគេគេងលក់ស្កប់ស្កល់ល្អនៅពេលយប់ ដោយមិនគ្រោកញឹកញាប់ នោះសុខភាពនិងការលូតលាស់របស់គេក៏ល្អដែរ។ មូលហេតុគឺដោយសារការគេងស្កប់ស្កល់នៅពេលយប់ ជួយជម្រុញឲ្យអរម៉ូនលូតលាស់របស់គេធ្វើការបានពេញលេញ ដែលវានឹងធ្វើឲ្យការលូតលាស់និងប្រព័ន្ធភាពសាំរបស់កុមារកាន់តែរឹងមាំ។

• អនាម័យជានិច្ច៖
អនាម័យខ្លួនប្រាណ កន្លែងគេង និងរបស់ប្រើរបស់គេឲ្យបានស្អាតបំផុតជានិច្ច ជាពិសេសដបទឹកដោះគោ (សម្រាប់ក្មេងបៅទឹកដោះគោ)។

• បន្ទាប់ពីបៅរួច៖
ដោយសារកូនខ្ញុំបៅទឹកដោះគោសុទ្ធ ខ្ញុំសុំនិយាយចំពោះតែករណីបៅទឹកដោះគោទេ។ សម្រាប់កូនខ្ញុំតាំងពីកើតមក បន្ទាប់ពីបៅទឹកដោះគោរួច ខ្ញុំតែងឲ្យគេបៅទឹកបន្ដិចលាងមាត់។ តែមិនមែនឲ្យបៅទឹកដើម្បីកុំឲ្យរលាកឬខះកទេ។ គឺខ្ញុំឲ្យគេបៅទឹកបន្ដិចដើម្បីលាងទឹកដោះគោដែលនៅជាប់មាត់ ព្រោះក្នុងទឹកដោះគោនោះមានជាតិស្ករ (ផ្អែម) ដែលអាចជាកក្ដាធ្វើឲ្យងាយកើតមេរោគ ឬឆ្លងមេរោគតាមមាត់បាន។ នេះបើតាមការស្រាវជ្រាវ និងការណែនាំរបស់ពេទ្យជំនាញមួយចំនួនដែលខ្ញុំបានស្រាវជ្រាវ។ តែសូមបញ្ជាក់ថា ទឹកដែលឲ្យបៅនោះគឺមិនអាចឲ្យច្រើនបានទេ ព្រោះវាអាចមានគ្រោះថ្នាក់។ បើយោងតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក សម្រាប់កុមារអាយុក្រោម៦ខែមិនត្រូវឲ្យបៅទឹកបន្ថែមទេ។ ដូចច្នេះ ករណីនេះមិនអាចអនុវត្ដទូទៅបានទេ។ សូមធ្វើការពិភាគ្សាជាមួយអ្នកជំនាញជាមុនសិនមុននឹងអនុវត្ដ៕

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

របៀបទទួលបាន Xbox Gift Cards, Xbox GamePass Ultimate និង Xbox Gold ដោយឥតគិតថ្លៃ

ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីរបៀបដើម្បីទទួលបានកាតរង្វាន់កាដូ Xbox, Xbox GamePass Ultimate, និង Xbox Gold ពីក្រុមហ៊ុន Microsoft ដោយឥតគិតថ្លៃ។

បញ្ចេញមតិ

Skip to toolbar