ប្រវត្តិថ្នាំបង្ការដំបូងគេបង្អស់

នៅឆ្នាំ៤២៩មុនគ្រឹះសករាជ អ្នកប្រវត្តិសាស្ត្រជនជាតិក្រិកម្នាក់ឈ្មោះ Thucides​ បានសង្កេតឃើញថា អ្នកជំងឺដែលបានជាសះពីជំងឺអ៊ុតធំ នឹងមិនដែលឆ្លង និងឈឺជំងឺនេះម្តង​ទៀតទេ។ ការបង្កើតថ្នាំបង្ការ ឬវ៉ាក់សាំងនេះបានវិវឌ្ឍន៍ចេញពីវេជ្ជសាស្ត្របុរាណនៅឥណ្ឌា (ប្រភពខ្លះថានៅចិនសម័យបុរាណក៏មានវិធីសាស្រ្តសរដៀងគ្នានេះដែរ)។

មានសេចក្តីនិទាន​ថា នៅក្នុងសង្គមឥណ្ឌាសម័យបុរាណ ប្រមាណជាង១ពាន់ឆ្នាំមុន នៅពេលជំងឺអ៊ុតធំ (Smallpox)បានរាតត្បាតជិតទៅដល់ក្រុងមួយ​ មនុស្សម្នារបានតំរង់ជួរគ្នា​ទៅទិញយកមេរោគមកដាក់ខ្លួន។ ពួកព្រាហ្ម៍ដែលជាគ្រូហ្មបានយកក្រណាត់មករុំដើមដៃពួក​មនុស្សទាំងនោះហើយយកចុងវត្ថុស្រួចមកឆូតឱយចេញឈាម រួចក៏យកក្រម៉ឈាមកក​របស់អ្នកជំងឺដែលបានជាសះពីជំងឺអ៊ុតធំនេះមកដាក់លើស្នាមដាច់រលាត់នោះ។ អ្នកទាំង​នោះភាគច្រើនបានធ្លាក់ខ្លួនឈឺ​ គ្រុនក្តៅ តែបានជាសះពីជំងឺនេះមកវិញ។ ពីពេលនោះមក​ ពួកគេមិនធ្លាក់ខ្លួនឈឺ​ ឬស្លាប់ដោយជំងឺអ៊ុតធំទេ។ វិធីសាស្ត្រនេះគេហៅថា Inoculation ។ វាជា​គោលការណ៍គ្រឹះមួយនៃប្រព័ន្ធការពារខ្លួន (Immunization) របស់មនុស្សដែលព្រាហ្ម៍ឥណ្ឌា​បានសង្កេតឃើញ។

រូបគំនូរប្រជាជនឥណ្ឌាសម័យបុរាណតំរង់ជួរទទួល Innoculationពីពួកព្រាហ្ម
Credit Photo: NOVA
អ្នកដែលបានទទួល Innoculation រុំក្រណាត់នៅនឹងដៃ
Crédit Photo: NOVA

នៅសតវត្សន៍ទី១៨ ជំងឺអ៊ុតធំបានរាតត្បាតពីប្រទេសតួគីទៅដល់អឺរ៉ុប។ ជំងឺនេះបាន​សំលាប់ប្រជាជន១ភាគ៥នៅទូទាំងទ្វីបអឺរ៉ុប។ កាលនោះ រៀងរាល់ឆ្នាំមានមនុស្សជាង៤០ម៉ឺន​នាក់ស្លាប់ដោយសារជំងឺអ៊ុតធំ។ ស្រ្តីជាតិអង់គ្លេស Lady Marry Mordley Monthingue បានកត់​សំគាល់ពីស្ត្រីជាម្តាយជាតិតួគីម្នាក់បានប្រើវិធីសាស្ត្រស្រដៀងនឹងពួកព្រាហ្ម៍នៅឥណ្ឌាដែរ ដើម្បីការពារកូនៗរបស់គាត់ពីជំងឺអ៊ុតធំ។ ស្រ្តីជាតិអង់គ្លេស Lady Marry Mordley Monthingue បានអនុវត្តន៍វិធីនេះលើកូនប្រុសគាត់ ហើយបានយកវិធីនេះទៅណែនាំឱយគេអនុវត្តន៍នៅ​ប្រទេសអង់គ្លេស។ ជាលទ្ធផល អត្រាមរណភាពដោយសារជំងឺអ៊ុតធំនៅអង់គ្លេសបានធ្លាក់​ចុះពី៣០% មកនៅត្រឹម២%។

នៅឆ្នាំ១៧៩៦ វេជ្ជបណ្ឌិតជនជាតិអង់គ្លេសម្នាក់បានសង្កេតឃើញហេតុការណ៍ដ៏​អស្ចារ្យមួយដែលនាំឱយគាត់ឈានទៅរកឃើញថ្នាំបង្ការ ឬវ៉ាក់សាំងសម័យទំនើប។ វេជ្ជបណ្ឌិត Edward Jenner បានសង្កេតឃើញស្ត្រីកសិករម្នាក់ដែលប្រកបរបរច្របាច់​ទឹកដោះ​គោបានឆ្លងជំងឺអ៊ុតគោ (Cowpox) ដែលស្រដៀងគ្នាទៅនឹងជំងឺអ៊ុតធំដែរ ពីសត្វគោហើយ​គាត់មិនដែលធ្លាក់ខ្លួនឈឺជំងឺអ៊ុតធំនោះទេ។ វេជ្ជបណ្ឌិត Edward Jenner ផ្តើមគិតថាបើគេ យក​មេរោគជំងឺស្រដៀងគ្នានេះ តែជាមេរោគជំងឺមិនបង្ករឱយស្លាប់ យកទៅចំលងឱយ មនុស្សម្នាក់ មនុស្សនោះនឹងអាចចៀសផុតពីជំងឺដ៏កាចសាហាវនោះបាន។

វេជ្ជបណ្ឌិត Edward Jenner ចាក់វ៉ាក់សាំងជំងឺអ៊ុតធំលើកដំបូងបង្អស់លើមនុស្ស
Crédit Photo: NOVA

វេជ្ជបណ្ឌិត Edward Jenner ចាប់ផ្តើមសាក​ពិសោធន៍ទ្រឹះស្តីគាត់ជាមួយកុមារាម្នាក់។ ការពិសោធន៍របស់គាត់ ទទួលបានជោគជ័យ។ គាត់បានហៅវិធីសាស្ត្រនេះថា Vaccination ដោយយកតាមពាក្យឡាតាំង Vacca មានន័យថាសត្វគោ។ ប៉ុន្មានទស្សន៍ក្រោយមក ជាពិសេសក្នុងទស្សវតន៍ឆ្នាំ ១៨៧០ ដោយសារមន្ទិលសង្ស័យ និងអវិជ្ជារបស់មហាជន ចលនាប្រឆាំងនឹងថ្នាំបង្ការ ឬវ៉ាក់សាំងបានរីករាលដាលឡើង។ កាលនោះមានពាក្យចរចាម អារាម ឬជំនឿថា ថ្នាំបង្ការជំងឺអ៊ុតធំដែលគេយកពីសត្វគោនោះអាចធ្វើឱយមនុស្សក្លាយជា សត្វគោបាន។ សព្វថ្ងៃនេះ នៅសហរដ្ឋអាមេរិច ក៏មានចលនាប្រឆាំងនឹងវ៉ាក់សាំងដែរ ដែល​មានការ​ចូលរួមពីអ្នកនយោបាយ អ្នកច្បាប់ តារាហូលីវូដ និងគ្រូពេទ្យមួយចំនួនផងដែរ។

ប្រព័ន្ធការពាររាង្គកាយ (Immune System) គឺជាប្រព័ន្ធការពារធម្មជាតិរបស់យើងដើម្បី​ទប់ទល់ប្រឆាំងនឹងមេរោគមកពីខាងក្រៅ។ គោលិកាសមាននាទីសំខាន់ចាំតាមដាន សង្កេត និងប្រយុទ្ធជាមួយមេរោគទាំងឡាយដែលយាយីដល់រាង្គកាយយើង។ ពេលគោលិការស​ឃើញមេរោគទាំងនោះ គោលិកាទាំងនោះចាប់បំពាក់អាវុធ និងបំបែកខ្លួនបង្ករទ័ពជាច្រើន​ដើម្បីទប់ទល់នឹងពួកមេរោគទាំងនេះ។ គោលិកាសបានបញ្ចេញអាវុធពិសេសមួយដែលគេ​ឱយឈ្មោះថាអង់ទីគ័រ (Anticorp or antibody) ឬជាភាសាខ្មែរថា អង្គបដិប ដើម្បីទៅបង្ក្រាប​មេរោគទាំងនោះ។

ក្រោយពីបង្ក្រាបរួច កងទ័ពគោលិកាសទាំងនោះរំសាយទៅវិញដោយទុកភ្នាក់ងារមួយ​ហៅថា Memory cells ដើម្បីរង់ចាំសង្កេតតាមដាន និងប្រកាសអាសន្នពេលឃើញមេរោគ​ប្រភេទដដែលនេះចូលមកម្តងទៀត។ គោលការណ៍ថ្នាំបង្ការ ឬវ៉ាក់សាំងនេះគឺគេយកមេរោគ​ស្រដៀងនឹងមេរោគបង្ករជំងឺពិតប្រាកដ ឬជាមេរោគពិតប្រាកដែលគេដកលក្ខណៈសាហាវ​ (Virulent factors)របស់វាដោយរក្សាទុកតែអត្តសញ្ញាណល្មមអាចនឹងឱយប្រព័ន្ធការពាររាង្គកាយស្គាល់ថាជាប្រភេទមេរោគគ្រោះថ្នាក់ដល់ខ្លួនយើង មកចាក់បញ្ចូលក្នុងរាង្គកាយយើង។ តាមរយៈ​មេរោគខ្សោយរបស់ថ្នាំវ៉ាក់សាំងនេះ ប្រព័ន្ធការពារអាចត្រៀមខ្លួន និងទប់ទល់ពេលមេរោគ​ពិតប្រាកដចូលមក​ ដោយគ្មានផលប៉ះពាល់​ (sequels) អ្វីធំដុំ ពោលគឺវាមិនធ្វើឱយយើងធ្លាក់​ខ្លួនឈឺដូចពេលមេរោគពិតប្រាកដឆ្លងចូលក្នុងខ្លួនជាលើកទី១ឡើយ។ ដូច្នេះ ការទទួលថ្នាំបង្ការ ឬវ៉ាក់សាំងគឺជាបង្វឹកឱយកងទ័ពការពាររាងកាយត្រៀមលក្ខណៈដើម្បីប្រយុទ្ធជាមួយមេរោគមុននឹងបានជួបមេរោគដោយផ្ទាល់។

អត្ថបទដោយ៖ Sekharith

ប្រភព៖

  1. https://www.nhs.uk/…/vaccinatio…/the-history-of-vaccination/
  2. Calling the Shots, by NOVA; https://www.youtube.com/watch?v=wqbH40Y9XJw

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

យល់ដឹងពីសេរ៉ូមសម្រាប់ព្យាបាលអ្នកជំងឺ

សេរ៉ូម(Physiological Serum) គឺ​ជា​ល្បាយ​សូលុយស្យុង​ដែល​ត្រូវ​បាន​សម្លាប់​មេរោគឬ​ពពួក​មីក្រុប​ហើ​យ រួច​យក​ទៅ​លាយ​ជាមួយ​ស្ករ ឬ​អំបិល​ជា​ដើម ដោយទៅ​តាម​លក្ខណៈ​វេជ្ជសាស្ត្រ ដោយ​ច្រក​ចូល​ដប​យ៉ាង​ត្រឹម​ត្រូវ ទើប​ចែក​ចាយ​ទៅ​តាមមន្ទីរពេទ្យ​នានា។ សេរ៉ូម​ផ្អែម គឺ​សូលុយស្យុងទឹក​លាយ និង​ស្ករ​បន្តិច។ ចំណែក​ឯ​សេរ៉ូម​ប្រៃ គឺ​ទឹក​លាយ និង​អំបិល​បន្តិ​ច សម្រាប់​ប្រើ​ប្រាស់​ទៅ​តាម​ប្រភេទ​ជំងឺ​ជាក់​ស្ដែង។

បញ្ចេញមតិ

Skip to toolbar