ទិញទឹកដោះគោឳ្យកូន ដឹងទេអ្វីជាDHA?

ក្នុងឈុតផ្សាយពាណិជ្ជកម្មម្សៅទឹកដោះគោនានា គេតែងឮពាក្យឌីអេច៍អេ ជួយដល់ការលូតលាស់ខួរក្បាលទារក និងកុមារ។ តើសារធាតុឌីអេច៍អេនោះជាអ្វី? វាមាននាទីអ្វីខ្លះចំពោះរាង្គកាយកុមារ និងមនុស្សពេញវ័យ? តើវាមានក្នុងអាហារធម្មជាតិដទៃទៀតក្រៅពីម្សៅទឹកដោះគោដែរឬទេ?

ឌីអេច៍អេ ឬ DHA ជាអក្សរកាត់របស់ឈ្មោះ Docosahexaenoic Fatty Acid ដែលជាប្រភេទអាស៊ីតខ្លាញ់មួយប្រភេទ។ វាជាផលិតផលមួយ (Derivative) របស់អាស៊ីតខ្លាញ់ លីណូឡេនិច (linolenic acid) ឬហៅម្យ៉ាងទៀតថាអាស៊ីតខ្លាញ់អូមេហ្គា៣ (omega-3 fatty acid)។ ជាទូទៅ ឈ្មោះឌីអេច៍អេនេះគឺសំដៅលើអាស៊ីតខ្លាញ់អូមេហ្គា៣ ឬអូមេ ហ្គាស្រ៊ី។

អាស៊ីតខ្លាញ់ជាសារធាតុមួយនៅក្នុងខ្លាញ់ និងប្រេង (ខ្លាញ់ដែលបានពីរុក្ខជាតិ)។ ចំពោះពពួកថនិកសត្វ មានមនុស្សផងដែរ ត្រូវការអាស៊ីតខ្លាញ់២ប្រភេទ អាស៊ីត អូឡេអ៊ីក (Oleic acid) និងអាស៊ីតលីណូឡេនិច (Linolenic acid) ជាចាំបាច់ដើម្បីទ្រទ្រង់រាងកាយ​ និងការលូតលាស់។ អាស៊ីតខ្លាញ់ទាំង២ប្រភេទនេះសំខាន់ ណាស់ចំពោះរាង្គកាយពពួកថនិកសត្វព្រោះសរីរាង្គរបស់ពពួកសត្វក្រុមថនិកសត្វមិនអាចសំយោគអាស៊ីតខ្លាញ់ទាំងប្រភេទនេះបានដោយខ្លួនឯង។ គេហៅអាស៊ីតខ្លាញ់ទាំង២ប្រភេទនេះថា Essential Fatty Acids (EFA) ឬ Acides Grass Essentiels (AGE)។

ជាទូទៅ អាស៊ីតខ្លាញ់ EFA ដើរតួយ៉ាងសំខាន់ក្នុងការលូតលាស់ប្រព័ន្ធប្រសាទ​ (Nervous System) ប្រព័ន្ធការពាររាង្គកាយ (Immunity system) ។ ដោយសារធាតុឌីអេច៍អេជាសារធាតុដែលបំលែងចេញពីអាស៊ីតខ្លាញ់លីណូឡេនិច ដូច្នេះកង្វះអាស៊ីតខ្លាញ់គឺខ្វះឌីអេច៍អេ។ កុមារដែលខ្វះអាស៊ីតខា្លញ់ទាំង២ច្រើនស្តែងចេញជាអាការៈខួរក្បាលលូតលាស់មិនល្អ។ អាការៈទាំងនោះមានដូចជា រពឺសជ្រុល (Hyperactivity) ពិបាកផ្ចង់ឬផ្តោតអារម្មណ៍ (Attention deficit) មានអកប្បកិរិយាឆេវឆាវ (Aggression behaviors) ជាដើម។

ចំពោះមនុស្សពេញវ័យវិញ សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្រជឿថាសារធាតុឌីអេច៍អេជួយបញ្ចុះជាតិខ្លាញ់ម្យ៉ាងនៅឈាម (Triglycerides or Triacylglycerols) ជួយបញ្ចុះសំពាធឈាម (ចំពោះអ្នកមានជំងឺលើសសំពាធឈាម) និងការពារកុំឱយមានដុំឈាមកកក្នុងចរន្តឈាម (Platelet aggregations)។

រីឯកង្វះអាស៊ីតខ្លាញ់ EFA អាចស្តែងជាអាការៈស្បែកស្ងួត បែកស្រកា (Dry scaly skin) សក់ស្រួយ (brittle hair) លើសសំពាធឈាម ខ្លាញ់កកនៅតាមជញ្ជាំងសសៃឈាម (Atherosclerosis) ប្រព័ន្ធការពាររាង្គកាយចុះខ្សោយ ដំបៅក្រជាសះ ធ្លាក់ទឹកចិត្ត និងចង់បរិភោគតែអាហារសំបូរខ្លាញ់ជាដើម។

សារធាតុឌីអេច៍អេនេះមានក្នុងអាហារធម្មជាតិជាច្រើនដូចជាគ្រាប់សណ្តែកសៀង ត្រីទឹកសាប ស៊ុត និងសាច់មាន់ជាដើម។ ក្រុមអ្នកវិទ្យាសាស្ត្រខ្លះបានលើក​ឡើងថា ការបរិភោគអាហារធម្មជាតិដែលមានសារធាតុឌីអេច៍អេ ឬអាស៊ីតខ្លាញ់​អូមេហ្គា៣ ផ្តល់ផលប្រយោជន៍ជាងការបរិភោគថ្នាំគ្រាប់អូមេហ្គា៣ដែលមាន​ដាក់លក់លើទីផ្សារ។

ប្រភព៖ Biochemistry, the Molecular Basis of Life, page 370-374, by Trudy McKee and James R. McKee; Oxford University Press 2014.

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

របៀបទទួលបាន Xbox Gift Cards, Xbox GamePass Ultimate និង Xbox Gold ដោយឥតគិតថ្លៃ

ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីរបៀបដើម្បីទទួលបានកាតរង្វាន់កាដូ Xbox, Xbox GamePass Ultimate, និង Xbox Gold ពីក្រុមហ៊ុន Microsoft ដោយឥតគិតថ្លៃ។

បញ្ចេញមតិ

Skip to toolbar